កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) នៅខេត្តសៀមរាប នាព្រឹកនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា នេះជាលើកទីពីរហើយដែលកម្ពុជាមានកិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញនូវគោលបំណងរួមគ្នា ក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរលោកជំទាវ Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម នៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦ ចំពោះការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងលើកទី២១ (20th & 21st SLOM) ដែលនឹងពិនិត្យមើលវឌ្ឍនភាពកិច្ចការពាក់ព័ន្ធស្ថាប័នក្រោមវិស័យ SLOM ដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារជាដើម។ ស្របពេលដែលយើងក៏នឹងកំពុងតែកំណត់ទិសដៅទៅខាងមុខ ដើម្បីធានាថាអាស៊ាននៅតែបន្តឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ពង្រឹងភាពអត់ធន់ និងលើកកម្ពស់នវានុវត្តន៍ (Strengthening Resilience and Promoting Innovation) បរិយាបន្ន និងចីរភាព (Inclusivity and Sustainability)។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះឧត្តមមន្រ្តីការងារអាស៊ាន ដែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវរបៀបវារៈពាក់ព័ន្ធនឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ។ យើងបានរួមគ្នាអនុម័ត(១)សេចក្ដីប្រកាសរួមរបស់រដ្ឋមន្ត្រីការងារអាស៊ាន ស្ដីពីការអភិវឌ្ឍជំនាញសម្រាប់កម្លាំងពលកម្មនាពេលអនាគត ដើម្បីគាំទ្រដល់កម្មវិធីជំនាញអាស៊ាន ២០២៥ (ASEAN Year of Skills 2025)(២)ផែនការសកម្មភាពសម្រាប់ការងារបៃតងឆ្ពោះទៅរកអនាគតនៃកម្លាំងពលកម្មអាស៊ានប្រកប ដោយចីរភាព និងបរិយាបន្ន និង(៣) ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីការលុបបំបាត់ពលកម្មកុមារនៅត្រឹមឆ្នាំ២០៣៥។
គំនិតផ្ដួចផ្ដើមនេះបង្ហាញនូវការប្ដេជ្ញារួមគ្នាក្នុងការលើកកម្ពស់អន្តរកម្មយុត្តិធម៌ ពង្រឹងជំនាញឌីជីថលនិងជំនាញបៃតង ពង្រឹងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងចល័តភាពកម្លាំងពលកម្ម និងលុបបំបាត់ពលកម្មកុមារ តាមរយៈការទប់ស្កាត់ ការអប់រំ ការគាំពារសង្គម ដែលស្របជាមួយនឹងប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដែលមានសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។ ក្នុងស្មារតីដូចគ្នានេះ អាស៊ានបានបន្តបង្ហាញនូវអភិក្រមប្រកបដោយភាពបុរេសកម្ម ដោយអភិវឌ្ឍសូចនាករគន្លឹះ ដែលស្ថិតនៅក្រោមគម្រោងផែនការការងាររដ្ឋមន្ត្រីការងារអាស៊ានសម្រាប់ឆ្នាំ២០២៦-២០៣០ ព្រមជាមួយនឹងផែនការការងារ និងផែនការសកម្មភាពរបស់ស្ថាប័ននានាដែលគាំទ្រដល់វិស័យការងារ។ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍ ដែលផ្ដល់នូវឱកាសជាច្រើនសម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ ទោះជាយ៉ាងណា យើងក៏មិនបាច់មើលរំលងនូវបញ្ហាប្រឈមដែលកើតមានក្នុងដំណាក់កាលនេះផងដែរ។
ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើមដែលមាននាពេលបច្ចុប្បន្នសម្រាប់ឆ្លើយតបទៅនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម ការបិទគម្លាតជំនាញ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការអនុវត្តគំនិតផ្ដួចផ្ដើមយ៉ាងរលូន និងប្រកបដោយភាពជោគជ័យ កិច្ចសហការនិងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកគឺពិតជាចាំបាច់សម្រាប់ជំរុញភាពធន់ នវានុវត្តន៍ បរិយាបន្ន និងបរិវត្តកម្មប្រកបដោយចីរភាព។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់សាជាថ្មីពីជំហររបស់កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការសហការជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលដើម្បីការអភិវឌ្ឍទាំងអស់គ្នា៕



ប្រភព៖ ក្រសួងព័ត៍មាន