ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាព្រះរាជពិធីបុណ្យអុំទូក

    BY SOMATEY October 30, 2025
    រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាព្រះរាជពិធីបុណ្យអុំទូក

    ខេត្តសៀមរាប៖ យោងតាម ក្រសួងមហាផ្ទៃ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំម្ចាស់ទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខាងមុខនេះ។

    ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមានពីធីថ្វាយនូវគ្រឿងសក្ការៈ និង ប្រកាសឧទ្ទិសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ​ គឺបូជាព្រះភូមិ បូជាថ្វាយស្តេចក្រុងពាលី និង សុំព្រះម៉ែគង្គា ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខាងមុខនេះ​ នៅតាមបណ្តោយស្ទឹងប្រវត្តិសៀមរាប និងឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង។

    ការអភិរក្ស និងអភិវឌ្ឍន៍របស់ខេត្ត និង ការរៀបចំសោភណភាពក្រុងប្រវតិ្តសាស្ត្រឱ្យមានភាពស្រស់ត្រកាលនៅតាមដងផ្លូវ វិថីនានាក្នុងក្រុង ដេីម្បីស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។

    ពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ​ សូមបួងសួងដល់ព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់មូលដ្ឋាន និង សូមឱ្យដំណើរការប្រព្រឹត្តទៅទទួលបានជោគជ័យ៕

    Share This Post: