ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនសត្វក្ងោកជិតផុតពូជលើលោក ដែលស្ថិតក្នុងបញ្ជីក្រហមIUCN ចំនួន៧ក្បាល ត្រូវបានបង្កាត់ពូជបាននៅកម្ពុជា

    BY SOMATEY November 10, 2025
    កូនសត្វក្ងោកជិតផុតពូជលើលោក ដែលស្ថិតក្នុងបញ្ជីក្រហមIUCN ចំនួន៧ក្បាល ត្រូវបានបង្កាត់ពូជបាននៅកម្ពុជា

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) បានបង្កាត់ពូជសត្វក្ងោក ប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាផ្នែកមួយនៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ ហើយក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន៧ក្បាលប្រកបដោយជោគជ័យផងដែរ។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

    សត្វក្ងោក (ឬមយូរា) ជាប្រភេទបក្សី ត្រូវបានគេវាយតម្លៃថាជាប្រភេទរងគ្រោះជិតផុតពូជ យោងតាមបញ្ជីក្រហមរបស់អង្គការ IUCN។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល។ ហើយសត្វនេះទៀតសោតក៏ត្រូវបានគេចាត់ទុកថាជាបក្សីដែលមានចំនួនប្រជាសាស្ត្រសរុបប្រមាណជា ១៥ ០០០ ទៅ ២៩ ៩៩៩ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយក្នុងចំណោមនោះក៏មានសត្វពេញវ័យប្រមាណជា ១០ ០០០ ទៅ ១៩ ៩៩៩ ក្បាល។

    ទីជម្រក និងបរិស្ថានរស់នៅរបស់សត្វក្ងោកគឺនៅស្ទើរតែគ្រប់ប្រភេទព្រៃ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត ព្រៃល្បាស់។ ម្យ៉ាងវិញទៀត ពួកវាក៏ចូលចិត្តរស់នៅខ្លាំងតាមព្រៃរបោះ និងតាមវាលចម្ការ ហើយរបបចំណីបក្សីប្រភេទនេះក៏ជាពពួកសត្វសព្វាសី។ នៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមអ្នកស្រាវជ្រាវ ពួកយើងមានសត្វដ៏ស្រស់ស្អាតនេះប្រមាណជាជាង ១,០០០ ក្បាលផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: