ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកស្វាយលើ

    BY SOMATEY November 11, 2025
    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកស្វាយលើ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្ទះមនុស្សធម៌ទី៩៧ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ។

    សូមជម្រាបថា ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ x ៦ ម៉ែត្រ មានបន្ទប់គេង ២ បន្ទប់ទឹក ១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ ១០ បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុប ៣ ៨០០ ដុល្លារ ឧបត្ថម្ភដោយ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា។

    ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពកក់ក្ដៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

    ក្នុងឱកាសនោះ លោកជំទាវក៏បានផ្ដល់អំណោយសង្កត់ផ្ទះមួយចំនួន មាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២ឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់ សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល។ ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដល់អំណោយជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើ ចំនួន ៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។

    ក្រៅពីនេះ លោកជំទាវ ក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: