ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ (AI) ជាមួយចិន ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅណាននីង

    BY SOMATEY November 21, 2025
    កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ (AI) ជាមួយចិន ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅណាននីង

    នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) បានបង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ (Smart Media) ជាមួយប្រទេសចិន ជាពិសេសជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងរួមគ្នា ក្នុងតំបន់មេគង្គ-ឡានឆាង។

    កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយមេគង្គ-ឡានឆាង ឆ្នាំ២០២៥ (Mekong-Lancang Media Summit 2025) ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ផ្តល់អំណាចសម្រេចគោលដៅរយៈពេលវែងជាមួយគ្នា” នាថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិក មេគង្គ-ឡានឆាង រូមមាន ចិន កម្ពុជា មីយ៉ាន់មា ឡាវ ដោយឡែកថៃ និងវៀតណាម ចូលរូមតាមប្រព័ន្ធonlie។

    ក្នុងឱកាសនោះ លោក លី ចន្ថា អគ្គនាយករង តំណាងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តក្វាងស៊ី និងរដ្ឋាភិបាលចិន ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះ។ លោកបានគូសបញ្ជាក់ពីពីទំនាក់ទំនងស៊ីជម្រៅ និងការរីកចម្រើនយ៉ាងឆាប់រហ័សរវាងកម្ពុជា-ចិន លើគ្រប់វិស័យ រួមទាំងវិស័យព័ត៌មាន និងបច្ចេកវិទ្យា។ លោកបន្តថា វិស័យព័ត៌មាននិងសោតទស្សន៍នាពេលបច្ចុប្បន្ន កំពុងប្រែប្រួលយ៉ាងខ្លាំង តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាឆ្លាតវៃ (AI) និងបណ្តាញផ្សព្វផ្សាយសង្គមដ៏សម្បូរបែប ក្នុងការផលិតមាតិកាផ្សាយសំខាន់ៗ ក្នុងការចែករំលែកព័ត៌មានសិល្បៈ វប្បធម៌ និង ការកម្សាន្តជាដើម។ ជាក់ស្តែងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសារព័ត៌មានប្រទេសចិន ដើម្បីធ្វើយ៉ាងណា លើកកម្ពស់បច្ចេកវិទ្យាផ្សាយព័ត៌មានថ្មី និងការផលិតព័ត៌មានឱ្យ កាន់តែទំនើប ជាពិសេសជាមួយវិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ីដែលគិតមកដល់ពេលនេះមានរយៈពេលជិត ១៦ ឆ្នាំមកហើយ។ លោកបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការជាអន្លើនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ មិនត្រឹមតែជាការជំរុញការអភិវឌ្ឍក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសជាដៃគូ។ ដូច្នេះតាមរយះកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គឺជាការចែករំលែក ផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ ការរស់នៅ ការលើកកម្ពស់អភិវឌ្ឍសង្គម និងពង្រឹងសន្តិសុខព័ត៌មាន ដើម្បីចូលរួមកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាក្នុងតំបន់ទន្លេមេគង្គ និងសកលលោក។

    ក្នុងឱកាសនោះ តំណាងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សង្ឃឹមជឿជាក់ថា កិច្ចប្រជុំ នេះ នឹងបន្តក្លាយជាយុទ្ធសាស្ត្រសម្រាប់ការពង្រីក និងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងថ្មីៗ។ ក្រសួងព័ត៌មានកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃតាមយន្តការមេគង្គ-ឡានឆាង។

    សូមបញ្ជាក់ថា បណ្តាប្រទេសដែលជាសមាជិកនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation – MLC) មានចំនួន ៦ ប្រទេស រួមមាន ៖ កម្ពុជា , សាធារណរដ្ឋប្រជាមានិតចិន , សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ , មីយ៉ាន់ម៉ា,ថៃ ,វៀតណាម៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: