ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានឹងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ លើ២១ប្រភេទកីឡា

    BY SOMATEY November 21, 2025
    កម្ពុជានឹងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ លើ២១ប្រភេទកីឡា

    ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកចំនួន ២១ ប្រភេទកីឡារបស់ កម្ពុជានឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែ ធ្នូ ខណៈពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែ ធ្នូ។

    ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជា នឹងបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។

    សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជា ត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។

    ក្នុងកិច្ចសម្ភាសថ្មីៗនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ ហើយប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក។ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានរំឭកពី គោលការណ៍ ចលនាអូឡាំពិក ដែលមិនមានការប្រកាន់ រើសអើង ឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។

    គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានមេដាយមាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និង សំរឹទ្ធ ១២៧ គ្រឿង សរុប ២៨២ គ្រឿង៕

    ប្រភព៖ Olympic Cambodia

    Share This Post: