សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាគោលដៅទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ក្នុងទឹកប្រាក់២០ពាន់លានដុល្លារ នឹងអាចសម្រេចបាននៅពេលខាងមុខ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

តាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម Bui Thanh Son បានរំលេចទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។
ឯកឧត្តមក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អតាមព្រំដែនរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ លើកឡើង ពីការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដែលវាជាអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលជាបំណងរបស់សម្តេចតេជោ។
សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងនូវការពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោក៏បានមានប្រសាសន៍ អំពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ៕



ប្រភព៖ ក្រសួងព័ត៍មាន