ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍សហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅប្រទេសកម្ពុជា

    BY SOMATEY November 29, 2025
    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍សហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅប្រទេសកម្ពុជា

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) និងសហការី នៅទីស្តីការក្រសួង។

    នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Finken និងបានបញ្ជាក់ជូននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។

    ជាការឆ្លើយតប លោក Thomas Finken បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានផ្តល់ព័ត៌មានយ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមរបស់កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។

    ទន្ទឹមនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: