ក្រសួងរៀបចំដែនដី គ្រោងរៀបចំធ្វើយ៉ាងណា ឱ្យពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យ និងរៀបចំលំនៅឋានឱ្យមានរបៀបរៀបរយ
ភ្នំពេញ៖ យោងតាម អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួបពិភាក្សាគ្នា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជារៀបចំលំនៅឋាននៅកម្ពុជា ឱ្យមានរបៀបរៀបរយ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅបានសមរម្យ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះការរៀបចំសំណង់លំនៅឋាន ឱ្យមានរបៀបរៀបរយនេះ គឺជាការងារផ្ដើម ដើម្បីឈានឱ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅបានសមរម្យ ដែលការងារនេះ ក្រសួងបានដាក់ទិសដៅរួចហើយ ដែលជាដំបូងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការគិតគូរ ដើម្បីរៀបចំឱ្យពលរដ្ឋមានផ្ទះ រស់នៅសមរម្យនេះ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តគោលនយោបាយ ដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយការងារនេះ កំពុងទទួលបានជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បានជួយឱ្យប្រជាពលរដ្ឋកន្លះលានគ្រួសារ ដែលស្មើនឹងមនុស្សជាង ២លានកន្លះ បានរួចផុតពីភាពក្រីក្រ និងមានជីវភាពល្អប្រសើរ តាមរយៈនយោបាយដីសម្បទានសង្គមកិច្ចនេះ។
គួរបញ្ជាក់ថា គម្រោងនៃការរៀបចំផ្ទះសម្បែង ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប បានរស់នៅសមរម្យនេះ គឺជាគោលដៅបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធ ឱ្យចប់នៅក្នុងអាណត្តិទី៧នេះ ដែលគិតត្រឹមឆ្នាំ២០២៥នេះ នៅសល់ត្រឹមជាង ៥ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយការងារមួយចំនួនទៀតដែលត្រូវធ្វើ គឺមានការចុះបញ្ជីដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ការងាររៀបចំតំបន់អប្សារា និងការងារចុះបញ្ជីដីធ្លីរបស់រដ្ឋមួយចំនួនទៀត៕



