ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    «រហាលកេស» ជម្រកសត្វស្លាបរាប់ម៉ឺនក្បាល កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរ

    BY SOMATEY December 2, 2025
    «រហាលកេស» ជម្រកសត្វស្លាបរាប់ម៉ឺនក្បាល កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ហ្វូងសត្វស្លាបចម្រុះរាប់ពាន់រាប់ម៉ឺនក្បាល កំពុងហោះហើរខ្ញៀវខ្ញារពេញផ្ទៃទឹក និងលើវាលព្រៃលិចទឹក បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យនាពេលថ្ងៃលិច អមដោយសំឡេងកងរំពងដែលធ្វើឱ្យអារម្មណ៍អ្នកទស្សនាហាក់បីដូចជាកំពុងស្ថិតនៅក្នុងពិភពធម្មជាតិដ៏សុខស្ងប់មួយ។ នេះគឺជាទិដ្ឋភាពជាក់ស្តែងនៅ «សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេស» ឬហៅថា អាវៀន ដែលជាសក្ដានុពលទេសចរណ៍ធម្មជាតិថ្មីសន្លាងមួយ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទីតាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់លំហែអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក ឱ្យមកជិះទូកកម្សាន្ត គយគន់ហ្វូងមច្ឆជាតិ និងសត្វស្លាបដ៏សម្បូរបែបផងដែរ។

    លោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស (អាវៀន) បានប្រាប់ឱ្យដឹងថា តំបន់នេះគឺជាចំណុចប្រសព្វរវាងចុងស្ទឹងសិរីសោភ័ណ និងគល់ស្ទឹងមង្គលបូរី ដែលសម្បូរទៅដោយព្រៃលិចទឹក ជាជម្រកដ៏សុខសាន្តសម្រាប់ពូជត្រី និងសត្វស្លាប។ មកទល់ពេលនេះ កំណើនសត្វស្លាបមានការកើនឡើងគួរឱ្យកត់សម្គាល់ មិនថារដូវប្រាំង ឬរដូវវស្សានោះទេ។ បច្ចុប្បន្ន តំបន់ការពារធម្មជាតិរហាលកេស មានផ្ទៃដីសរុបប្រមាណជាង ២៨ហិកតា ដែលត្រូវបានយាមកាម និងអភិរក្សយ៉ាងយកចិត្តទុកដាក់ ដោយមានព្រំប្រទល់ជាប់ស្រុក-ក្រុងចំនួន៣ គឺឃុំឈ្នួរមានជ័យ (ស្រុកព្រះនេត្រព្រះ), ឃុំគយម៉ែង (ស្រុកមង្គលបូរី) និងសង្កាត់ភ្នៀត (ក្រុងសិរីសោភ័ណ)។ ផ្ទៃដីនេះត្រូវបានបែងចែកជាពីរផ្នែកធំៗ តំបន់ជម្រកសត្វស្លាប មានទំហំ ២៣ហិកតា តំបន់អភិរក្សពូជត្រីមានទំហំ ០៥ហិកតា។ ចំណុចពិសេសនៃតំបន់នេះ គឺវត្តមាននៃសត្វស្លាបកម្រ និងជិតដាច់ពូជជាច្រើនប្រភេទដូចជា សត្វស្មោញ ត្រយ៉ង ទុង ក្រង៉ កកៀលខ្សង កុកក្រក ខ្វែកយប់ (ខ្វែកធំ) និងកុក ស ជាដើម។

    សម្រាប់ការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានភាពងាយស្រួលដោយអាចចូលបានទាំងរថយន្ត និងម៉ូតូ តាមច្រកសំខាន់ៗចំនួនពីរ៖ ១. ចេញពីក្រុងសិរីសោភ័ណ ធ្វើដំណើរឆ្ពោះទៅស្រុកព្រះនេត្រព្រះ ពេលដល់ភ្លើងស្តុប ត្រូវបត់ស្តាំចូលតាម «ផ្លូវស្រមោច»។ ពេលទៅដល់ភូមិកសាងថ្មី ឃុំគយម៉ែង (ស្រុកមង្គលបូរី) ដែលជាប់ព្រំប្រទល់ស្ពានស្រមោច ត្រូវឆ្លងចូលភូមិស្រមោច (ឃុំឈ្នួរមានជ័យ)។ នៅទីនោះនឹងឃើញការ៉ាសសាំងមួយ និងមានផ្លូវលំក្រាលថ្មមិចនៅខាងស្តាំដៃ។ លោកអ្នកគ្រាន់តែបត់ចូលតាមផ្លូវនោះចម្ងាយប្រមាណ ២០០០ម៉ែត្រ នឹងទៅដល់ទីតាំង។ ២. ចេញពីស្រុកមង្គលបូរី ចាប់ផ្តើមពីរង្វង់មូលយាយជីច្រូតស្រូវ កាត់មុខសាលាស្រុកមង្គលបូរី ទៅតាមផ្លូវត្រង់រហូតដល់ព្រំប្រទល់ស្ពានស្រមោច (ចំណុចការ៉ាសសាំង) រួចបត់ឆ្វេងដៃចូលតាមផ្លូវក្រាលថ្មមិច។

    លោក ខុង ប៊ុន បានឆ្លៀតឱកាសនោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្ត ដើម្បីបានឃើញផ្ទាល់ភ្នែកនូវសម្បត្តិធម្មជាតិ និងជីវចម្រុះដ៏ស្រស់បំព្រងដែលខេត្តបន្ទាយមានជ័យកំពុងមាន។ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិរក្សធនធានធម្មជាតិ។ ការអញ្ជើញមកកម្សាន្តរបស់បងប្អូន មិនត្រឹមតែជាការជួយលើកស្ទួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅទីនេះឱ្យនៅគង់វង្សតទៅមុខទៀត៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: