កម្លាំងអង្គភាព CMAC បានរកឃើញគ្រា-ប់បែកចង្កោមចំនួន ២៥គ្រាប់ នៅភូមិតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ
- BY
- soknita
- December 3, 2025
(ខេត្តឧត្តរមានជ័យ)៖ តាមរយការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ កម្លាំងអង្គភាព CMAC បានរកឃើញគ្រា-ប់បែកចង្កោមចំនួន ២៥គ្រាប់ នៅភូមិតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ហេង រតនា បញ្ជាក់តាមការបង្ហោះបន្ថែមថា កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន ២៥គ្រាប់ ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ។
សូមបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។
សូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ៕






ប្រភព៖ HENG Ratana
- Share This Post:






