ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយក ស៊ីម៉ាក់ អំពាវនាវដល់ពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមជាមួយថៃ ប្រុងប្រយត្ន័ខ្ពស់ ជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាម

    BY SOMATEY December 3, 2025
    អគ្គនាយក ស៊ីម៉ាក់ អំពាវនាវដល់ពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមជាមួយថៃ ប្រុងប្រយត្ន័ខ្ពស់ ជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាម

    ភ្នំពេញ៖ យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយគ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមថ្មីៗនេះ។

    កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាព ស៊ីម៉ាក់ បានបោសសម្អាតតំបន់រងផលប៉ះពាល់​ ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោម ចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម។

    យោងតាមបណ្តាញសង្គម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែកចង្កោម ក្រៅពីអនុសញ្ញាអន្តរជាតិ នៃហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗ ចំនួន៣ទៀត ត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និងរឹតបន្តឹងហាមប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមរួមមាន៖

    ១. អនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី

    ២. អនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។

    ៣. អនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់​ និងឪពុករងរបួសធ្ងន់ធ្ងរ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: