ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ស៊ុយអែត ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

    BY SOMATEY December 5, 2025
    កម្ពុជា-ស៊ុយអែត ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

    ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Anna Hammargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

    នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងបានកំណត់កាលានុវត្តភាពដើម្បីឈានទៅពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ១. វិស័យពាណិជ្ជកម្ម និងការវិនិយោគ ២. វិស័យបរិស្ថាន ៣. ការអភិវឌ្ឍធនធានមនុស្ស ៤. វិស័យទេសចរណ៍ ៥. ការបោសសំអាតមីន។

    ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកជំទាវរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម។ អ្វីដែលគួរឱ្យកត់សម្គាល់ ភាគីទាំងពីរក៏បានលើកយកបញ្ហា «បច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ» មកពិភាក្សាផងដែរ ដើម្បីស្វែងយល់ពីស្ថានការណ៍ជាក់ស្តែង៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: