ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលកម្មវិធីការងារទាំងអស់ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាកម្លាំងទប់ទល់ការឈ្លានពាន

    BY SOMATEY December 8, 2025
    សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលកម្មវិធីការងារទាំងអស់ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាកម្លាំងទប់ទល់ការឈ្លានពាន

    (ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសជាផ្លូវការអំពីការផ្អាក និងលុបចោលរាល់កម្មវិធីការងារដែលបានគ្រោងទុកទាំងអស់ ដើម្បីមកកាន់ការងារអាទិភាពខ្ពស់បំផុតចំពោះមុខ គឺការការពារបូរណភាពទឹកដី។

    តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងចូលរួមសហការដោយផ្ទាល់ជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបញ្ជា និងដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតប និងទប់ទល់នឹងសកម្មភាពឈ្លានពាននៅតាមបណ្តោយព្រំដែន។

    សម្តេចតេជោ បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា៖ «ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធ ទប់ទល់ជាមួយការឈ្លានពាន»។

    ការសម្រេចចិត្តដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការរួបរួមគ្នារវាងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងការធានានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារទឹកដី ខណៈដែលស្ថានការណ៍នៅសមរភូមិជួរមុខ កំពុងមានការបាញ់បោះពីភាគីឈ្លានពាន ក្នុងគោលបំណងបង្កហេតុ។

    ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលជួបសម្តេចក្នុងអំឡុងពេលនេះ ដោយសារតែសម្តេចត្រូវជាប់បំពេញបេសកកម្មការពារជាតិដ៏ចាំបាច់នេះ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: