ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីជំរុញអោយមានបទឈប់បាញ់ និងដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ កម្ពុជា-ថៃ

BY
SOMATEY
December 26, 2025

នាយប់ថ្ងៃទី ២៥ ខែធ្នូ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងបទឈប់បាញ់ថ្ងៃ ២៨កក្កដា ២០២៥ និង សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

Share This Post: