លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបានដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងបានរម្លឹកថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបានដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។

តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា– ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។
លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជាឆ្នាំដែលជាលើកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។
សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយើងតាមចំណេះរៀងៗខ្លួន ដើម្បីឲ្យជាតិយើង ប្រទេសយើងបានខ្លាំងព្រោះយើងមិនចង់ឲ្យកូនចៅយើងជួបហេតុការណ៍ដូចយើងក្នុងឆ្នាំ២០២៥នេះទៀតទេ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំការពារទឹកដីកម្ពុជាយើងពីការឈ្លានពានដោយអង់អាចក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។
លោកជំទាវបណ្ឌិត បន់ស្រន់សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕