ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០២៥ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន រកចំណូលបានប្រមាណ១,៥ ពាន់លានដុល្លារ

    BY SOMATEY January 2, 2026
    ឆ្នាំ២០២៥ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន រកចំណូលបានប្រមាណ១,៥ ពាន់លានដុល្លារ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧ ភាគរយ បើធៀបនឹងឆ្នាំមុន។

    លោកថា តាមលទ្ធផលដ៏រឹងមាំនេះកើតមានឡើង ទោះបីជាមានការរអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ ២០២៥ ក៏ដោយ។ កាលពីខែមីនា លក្ខខណ្ឌអាកាសធាតុអាក្រក់បានជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផល ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មព្រមានពីការធ្លាក់ចុះនៃទិន្នផលស្វាយចន្ទី។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជា (សសក) បានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថាលទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។

    លោក អួន ស៊ីឡុត បានប្រាប់ថាលទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។ ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សមាគមចន្ទីកម្ពុជា បើទោះបីជាសមាគមស្វាយចន្ទីកម្ពុជា បានប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ដើម្បីជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។

    ដោយឡែកបើយោងតាមរបាយការណ៍ការនាំចេញគ្រាប់ចន្ទីឆៅក្នុងឆ្នាំ២០២៥ បង្ហាញថាបរិមាណនាំចេញសរុប១០០០៧៥៧តោន គិតជាទឹកប្រាក់សរុប១,៥ពាន់លានដុល្លារអាមេរិក និងមានកំណើនឡើង២៧ភាគរយធៀបនឹងឆ្នាំកន្លងមក។

    គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតា។ ចំពោះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា៕ 

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: