អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺ ៣ចំណុច ពាក់ព័ន្ធនឹងគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះថា ខ្លួនបានទទួលរងការវាយប្រហារ នៅរមណីយដ្ឋានអង្គរ
នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺ ៣ចំណុច ពាក់ព័ន្ធនឹងថ្មីៗនេះនៅលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖
១- រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជា ជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក១រូប និងភ្ញៀវជនជាតិរុស្ស៊ី១រូបផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ ដោយមូលហេតុភាគី ទាំងពីរដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅ បរិវេណខាងកើតសាលរបាំនៃប្រាសាទតាព្រហ្ម។
២- ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបាន បញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះ ស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំណត់ហេតុជូនភ្ជាប់មកជាមួយ។
៣- ភាគីទាំងពីរបានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួក គាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅ ទីតាំងប្រាសាទ ជាទីសក្ការៈរបស់កម្ពុជា។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមបញ្ឈប់ការចែករំលែក វីដេអូផ្សព្វផ្សាយនេះតាមការគួរ។


