ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគ

    BY SOMATEY January 9, 2026
    ក្រសួងបរិស្ថានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

    ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ ដែលជាការបង្ករឱកាសងាយស្រួលសម្រាប់អ្នកវិនិយោគិនបរទេសទាំងអស់ដោយស្មើភាព និងតម្លាភាព។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានដាក់ចេញនូវការប្រើប្រាស់ Checklist សាកល្បង តាមប្រព័ន្ធអនឡាញដែលមាននៅលើវេបសាយរបស់ក្រសួងបរិស្ថាន ដើម្បីជួយការពារដល់វិនិយោគិនបរទេសទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថានបានអំពាវនាវ និងស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ប្រើប្រាស់ Checklist តាមប្រព័ន្ធអនឡាញរបស់ក្រសួងបរិស្ថានដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ តម្លាភាពការងារ ប្រកបដោយគណនេយ្យភាព។

    ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងកោតសរសើរក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេសទាំងអស់រួមទាំងអ្នកវិនិយោគជប៉ុនផងដែរ។

    ឯកឧត្តម ឯកអគ្គ រដ្ឋទូតជប៉ុនមានជំនឿថា ការបង្កឱកាសដ៏ល្អនេះនឹងជួយឱ្យកម្ពុជាទទួលបានអ្នកវិនិយោគិនបរទេសច្រើន។ ជាពិសេសការគោរពច្បាប់វិនិយោគនៅកម្ពុជា គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដោយតម្លាភាព និងគណនេយ្យភាពសង្គម៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: