កម្ពុជា-ជប៉ុន រួមគ្នាដាក់ឱ្យដំណើរការ ក្រុមសហបង្កើតធុរកិច្ច ដើម្បីរួមបញ្ចូលគំនិតល្អៗ ជំរុញការវិនិយោគដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសដាក់ឲ្យដំណើការជាផ្លូវការ នូវក្រុមសហបង្កើតធុរកិច្ច ហៅកាត់ថា BCTដើម្បីរួមបញ្ចូលនូវគំនិតល្អៗ ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែម ដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា។
ការប្រកាសដាក់ឲ្យដំណើការក្រុម BCTនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាជិកក្រុមសហធុរកិច្ចជាច្រើនទៀត នៅនិវេសនដ្ឋានឯកអគ្គរាជទូតក្នុងរាជធានីភ្នំពេញ ។

ការបង្កើតក្រុមសហបង្កើតធុរកិច្ច (BCT) គឺជាចំណុចលេចធ្លោមួយរបស់កញ្ចប់បង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នេះនឹងដើរតួនាទីជាការិយាល័យទំនាក់ទំនងជប៉ុនដែលមានស្រាប់ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុមនេះត្រូវបានបង្កើតឡើងជាក្រុមអន្តរក្រសួង ហើយនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែលកំពុងពិចារណាវិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីនោះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងរំលឹកពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងនាមជានាយករដ្ឋមន្ត្រី ក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។
សូមបញ្ជាក់ជូនថា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងសំខាន់ទាំងពីរនេះរួមមាន៖ ទឹកប្រាក់ប្រមាណ ១១.៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងសមាហរណកម្ម ការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និងទឹកប្រាក់ប្រមាណ៧.៦ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រ នៅចំណតកុងតឺន័រថ្មី កំពង់ផែ ក្រុងព្រះសីហនុ។ ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។ហិរញ្ញប្បទាននេះក៏ជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ៕



