ប្រទះឃើញសត្វក្ងោកបៃតង ប្រមាណ២០ក្បាល ដែលជាប្រភេទជិតផុតពូជ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ខេត្តកំពង់ស្ពឺ ៖ បើតាមការឱ្យដឹងពីមន្រ្តីនៃក្រសួងបរិស្ថាន កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស បានប្រទះឃើញហ្វូងសត្វក្ងោកបៃតង ជាប្រភេទជិតផុតពូជប្រមាណ២០ក្បាល កំពុងរកស៊ីចំណីនៅតាមជើងភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

មន្រ្តីបរិស្ថានគូសបញ្ជាក់ថា ក្ងោកបៃតង មានឈ្មោះជាអង់គ្លេសថា Green Peafowl បើឈ្មោះវិទ្យាសាស្ត្រវិញ គឺ Pavo muticus។ ក្នុងនោះ ក្ងោកឈ្មោល មានបណ្តោយខ្លួនធំ ជើងវែង ក-វែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែង មានដៅពណ៌លឿងលាយខៀវដូចជាភ្នែករាប់រយ។ រីឯញី មានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ មន្រ្តីបរិស្ថានបន្ថែមថា ក្ងោកមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃឫស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។
ក្ងោក ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រតាមចំណាត់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហមអាយូស៊ីអិន IUCN ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស។ ក្ងោកកំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក តែយ៉ាងណា ក្រសួងបរិស្ថាន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន៕


