កម្ពុជា និងកាណាដាសហការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏គូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីពីកិច្ចសហប្រតិ្តការដ៏ល្អលើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ “ភូមិហ្រ្វង់កូហ្វូន – Village Francophone” ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជាដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជាដែលបានផ្តល់ភាពងាយស្រួលក្នុងការផ្តល់នូវសេវាកម្មទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដាធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។








ប្រភព ក្រសួងព័ត៍មាន