កីឡាចំបាប់កម្ពុជាសម្រួចគោលដៅឆ្ពោះទៅរកមេដាយ ជាប្រវត្តិសាស្ត្រដំបូង ក្នុងអូឡាំពិកហ្គេម ឆ្នាំ២០៣៦
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អនុប្រធានកីឡាចំបាប់កម្ពុជា លោក ខេ ស៊ីបាណេត បានបង្ហើបកាលពីពេលថ្មីៗនេះថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានដាក់គោលដៅរបស់ខ្លួនទៅដណ្តើមឱ្យបានមេដាយណាមួយ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាឆ្នាំ២០៣៦ ដោយអូឡាំពិកហ្គេម គឺជាការប្រកួតប្រជែងកម្រិតគុណភាពបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។

លោក ខេ ស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហើបពីគោលដៅរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាថា ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣៦អាចនឹងរៀបចំនៅប្រទេសឥណ្ឌា កីឡាចំបាប់កម្ពុជានឹងអាចឈានទៅដណ្តើមឱ្យបានមេដាយមកជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំរៀបចំរៀងរាល់៤ឆ្នាំម្តងនេះ។
ការកំណត់គោលដៅនេះ ដោយអនុប្រធានកីឡាចំបាប់នេះ ក្នុងខណៈដែលសហព័ន្ធនៅតែបន្តសម្រួចការអភិវឌ្ឍឥតឈប់ឈរ ដោយកំពុងតែពង្រីកវិសាលភាព និងបន្ថែមសក្តានុពលទៅកាន់បណ្តាខេត្តមួយចំនួន ដែលចាប់ផ្តើមពីឆ្នាំ២០២៦នេះតទៅ ដូចជាការបង្កើតជាសាលហ្វឹកហាត់ និងប្រកួតជាលក្ខណៈស្តង់ដា នៅក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ។ សាលហ្វឹកហាត់និងប្រកួតទាំងនោះ សហព័ន្ធនឹងត្រូវបញ្ជូនគ្រូបង្វឹកទៅបង្ហាតបណ្តុះបណ្តាលដល់យុវជនថ្នាល ដែលមានឧបនិស្ស័យចាប់ពីអាយុ ១០ដល់១២ឆ្នាំ ដើម្បីឆ្លើយតបនឹងការហ្វឹកហាត់ និងប្រកួតប្រជែងឱ្យកាន់តែមានគុណភាព។
ងាកមកកាន់ចក្ខុវិស័យរបស់ប្រទេសកម្ពុជាវិញ ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជាកំពុងតែបង្កើតកិច្ចសហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនរបស់អាមេរិក ដែលកំពុងវិនិយោគនៅកម្ពុជា ដើម្បីផ្តល់នូវការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជាលើប្រភេទកីឡាសក្តានុពលលើការហ្វឹកហាត់ អាហាររូបត្ថម្ភ សំលៀកបំពាក់ និងសម្ភារកីឡាក្នុងដំណើរសម្រួចការអភិវឌ្ឍសមត្ថភាពអត្តពលិកកម្ពុជាត្រៀមខ្លួនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កម្ពុជាមិនធ្លាប់ដណ្តើមបានមេដាយណាមួយ ក្នុងការប្រកួតកីឡាអូឡាំពិក រៀងរាល់៤ឆ្នាំម្តងនោះទេ ដោយក្នុងការប្រកួតកន្លងមករបស់កម្ពុជាធ្លាប់ចូលរួមប្រកួតតាមរយៈសិទ្ធិអនុគ្រោះភាគច្រើនបំផុតរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ប៉ុណ្ណោះ ជាពិសេសលើ២ប្រភេទកីឡាជាគោល គឺហែលទឹក និងអត្តពលកម្ម។ មានតែបេក្ខភាពម្នាក់គត់ គឺកីឡាការិនី ស៊ន សៀវម៉ី លើប្រភេទកីឡាតេក្វាន់ដូ WT ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកហ្គេម ដែលដណ្តើមបានសិទ្ធិពេញលេញ តាមរយៈការប្រកួតជម្រុះអាស៊ី ឆ្លងចូលប្រកួតអូឡាំពិកហ្គេម កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តែងតែបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការព្យាយាមមិនរាថយ ក្នុងការស្វែងរកធនធានកីឡាករ កីឡាការិនីដែលមានកម្រិតបច្ចេកទេសខ្ពស់ៗ ក្នុងការចូលរួមប្រកួតកីឡាអូឡាំពិក តាមរយៈការប្រកួតឱ្យជាប់វគ្គជម្រុះឱ្យបានច្រើន ដើម្បីសម្រួចគោលដៅឆ្ពោះទៅរកក្តីសុបិនជាប្រវត្តិសាស្ត្រដំបូង ក្នុងការដណ្តើមមេដាយកម្រិតណាមួយយកមកជូនជាតិ នៃការប្រកួតកីឡាអូឡាំពិក រៀងរាល់៤ឆ្នាំម្តងជាបន្តបន្ទាប់ទៅមុខទៀត៕



ប្រភព ក្រសួងព័ត៍មាន