ភាពជាដៃគូ អូស្រ្តាលី-កម្ពុជា ពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលធន់ នឹងអាកាសធាតុដល់ពលរដ្ឋចំនួន ១០.០០០ នាក់ក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ — ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឱ្យដំណើរការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី ដែលធន់នឹងអាកាសធាតុ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០.០០០ នាក់។

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុង គ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង ៧ ភូមិ ដែលរួមចំណែកដល់ គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត។
ការវិនិយោគនេះជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដោយគាំទ្រប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៩០ កន្លែងនៅទូទាំងប្រទេស និងបានជួយពលរដ្ឋកម្ពុជាជាង ១,២ លាននាក់ ឱ្យទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព តម្លៃសមរម្យ និងធន់នឹង អាកាសធាតុ ក្រោមការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីដល់វិស័យឯកជន ហើយក៏ជានិម្មិតរូបមួយនៃភាពរីកចម្រើននៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ។
អូស្ត្រាលីអនុវត្តវិធីសាស្ត្រហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញការវិនិយោគឯកជន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅកាន់តំបន់ ដែលកន្លងមកត្រូវបានមើលឃើញថាមិនមានសក្តានុពលសម្រាប់អាជីវកម្ម។ ការផ្តល់បដិភាគតម្លៃសេវាតំណភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រជាជនដែលកាន់បណ្ណក្រីក្រ និងស្ថាប័នសាធារណៈជួយឱ្យសហគមន៍ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទាំងនេះប្រកបដោយសមធម៌។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ផលិតភាព និងកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងជួយដល់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាក្នុងតំបន់ដែលមិនទាន់មានទឹកស្អាត ព្រមទាំងធានាថាគ្រួសារក្រីក្រអាចទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃសមរម្យ។ រោងចក្រទឹកស្អាតថ្មីនេះនឹងជួយលើកកម្ពស់សុខមាលភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពងាយរងគ្រោះពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបង្កើតឱកាសថ្មីសម្រាប់គ្រួសារទទួលផលនៅក្នុងខេត្តកំពង់ធំ។”
នៅទូទាំងប្រទេស ប្រមាណ ៥៥ ភាគរយនៃភូមិទាំងអស់មានសេវាផ្គត់ផ្គង់ទឹកស្អាត។ សម្រាប់ខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្តប់ប្រមាណ ៤៨ ភាគរយនៃភូមិ ហើយការពង្រីកបណ្តាញ និងសេវាកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
លោកស្រី មាស សុខា អាជីវកររស់នៅក្នុងស្រុកតាំងគោក បានលើកឡើងថា៖ “ខ្ញុំមានអណ្តូងមួយ ដែលប្រើប្រាស់ដោយគ្រួសារជាច្រើន តែពេលខ្លះ អណ្តូងនេះរីងទឹក។ ពីមុនខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីបូមទឹកពីអណ្តូងសម្រាប់ការលក់ដូររបស់ខ្ញុំ។ ឥឡូវ ខ្ញុំលែងបារម្ភពីការខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ព្រោះមានបណ្តាញទឹកស្អាតចូលដល់ផ្ទះ ដែលជួយឱ្យការលក់ដូររបស់ខ្ញុំកាន់តែងាយស្រួល។”
អូស្រ្តាលីបាន និងកំពុងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រីកសេវា ទឹកស្អាតដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាននៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់៕








ប្រភព ក្រសួងព័ត៍មាន