ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ តែងតាំងថ្មី ប្រចាំកម្ពុជា
BY SOMATEY
January 22, 2026
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ វ្ល៉ាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកជំទាវ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ចំពោះការជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-អ.ស.ប. ស្របតាមវិស័យអាទិភាពជាតិ។



ប្រភព ក្រសួងព័ត៍មាន