ថ្នាក់ដឹកនាំការទូតជាន់ខ្ពស់កម្ពុជា ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Markéta KOLC HÁJKOVÁ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវ Markéta KOLC HÁJKOVÁ ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។

ឯកឧត្តមបានសម្តែងការ កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសាធារណរដ្ឋឆែក និងបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសាងឡើងពីគ្រឹះដ៏រឹងមាំបង្កើតឡើងដោយឯកអគ្គរដ្ឋទូតមុនៗ។
នេះបើយោងតាមខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ថ្នាក់ដឹកនាំទាំងពីរ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែកចំពោះការបន្តផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត Markéta KOLC HÁJKOVÁ បានសម្តែងនូវអំណរគុណ យ៉ាងស្មោះសរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍លោកជំទាវ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាការសន្ទនាទ្វេភាគីជាប្រចាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីគោលបំណងរបស់សាធារណរដ្ឋឆែកក្នុងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។
លោកជំទាវ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើ ការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង និងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដោយផ្អែកលើតម្លៃរួម និងការគោរព គ្នាទៅវិញទៅមក ក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។
នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងទស្សនវិជ្ជមានលើការបន្ត គាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិនានា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងស្ថិរភាព៕




ប្រភព ក្រសួងព័ត៍មាន