អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ ប្រាសាទប្រែរូប
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោក សូរ ប៉ោត បុរាណវិទូរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ព័ន្ធនៃប្រាសាទប្រែរូប ទើបអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។

ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។ ចំណែកកម្រាលថ្មបាយក្រៀមនៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុត នាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។
ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គម្រោងជួសជុលនេះ គឺអនុវត្តឡើងដោយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា៕


ប្រភព ក្រសួងព័ត៍មាន