ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្ដីជាន់ខ្ពស់ ក្រសួងអប់រំលើកឡើងថា ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ត្រូវតែអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាងហោចណាស់១០០ម៉ោង ក្នុងមួយឆ្នាំ

    BY SOMATEY January 27, 2026
    មន្រ្ដីជាន់ខ្ពស់ ក្រសួងអប់រំលើកឡើងថា ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ត្រូវតែអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាងហោចណាស់១០០ម៉ោង ក្នុងមួយឆ្នាំ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ត្រូវតែអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាងហោចណាស់១០០ម៉ោង ក្នុងមួយឆ្នាំ។ ការលើកឡើងរបស់លោកជំទាវអគ្គនាយកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៦ សម្រាប់គ្រូបង្រៀន និងគរុសិស្ស នៃសាលារៀនគោលដៅទាំង២០ នៃគម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា”។

    វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងគរុសិស្សនូវចំណេះដឹងគរុកោសល្យ និងវិធីសាស្ត្របង្រៀនសៀវភៅសិក្សាគោល បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថ្នាក់ទី៩ រួមមាន៖ ១-ការសិក្សាស្វែងយល់ខ្លឹមសារមេរៀន នៅក្នុងសៀវភៅសិក្សាគោលថ្នាក់ទី៩ និងវិធីសាស្ត្របង្រៀន។ ២-ការពង្រឹងសមត្ថភាពទៅលើគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗសម្រាប់គាំទ្រដល់ការការអប់រំឌីជីថលនៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ៣-ការរៀបចំយុទ្ធសាស្រ្តនានា និងពិភាក្សាលើការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវ:នៅតាមសាលារៀនគោលដៅទាំង២០។

    លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចុប្បន្ន យើងអាចរកឃើញថ្នាលជាច្រើនដែលយើងរៀនតាមអនឡាញ ហើយក្នុងនោះ នាយកដ្ឋានកិច្ចការវិក្រឹតការ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល ក៏រៀបចំជា platform មួយហៅថា CDP ដែលយើងអាចរៀនតាមអនឡាញបាន។ លោកជំទាវបណ្ឌិតបានបន្ថែមថា៖ «ដូចនេះ កាលណាយើងមិនអាចប្រើប្រាស់ ICT ប្រកបដោយប្រសិទ្ធភាព មានន័យថាឱកាសក្នុងការក្លាយខ្លួនជាគ្រូបង្រៀនដ៏ល្អម្នាក់នាពេលបច្ចុប្បន្ន និងពេលអនាគត គឺយើងមិនអាចធ្វើបានទេ»។

    ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលទទួលបានការបណ្តុះបណ្តាល អាចសងគុណត្រឡប់មកវិញតាមរយ:ការផ្ទេរចំណេះ ជំនាញដែលបានទទួលក្នុងវគ្គបណ្ដុះបណ្ដាលនេះ បន្តទៅកាន់ប្អូនៗដែលកំពុងសិក្សា ហើយរង់ចាំការបណ្តុះបណ្តាលបន្តពីលោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង៕

    Share This Post: