អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សំរាមបានត្រឹមត្រូវ កុំឱ្យបង្កផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបង្កផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ នៅថ្ងៃទី២៨ ខែកមរា ឆ្នាំ២០២៦។
ឯកឧត្តម អភិបាលខេត្ត បន្តថា សំរាមដែលបង្កឡើងដោយមនុស្ស រួមមាន សំរាមរឹង សំរាមស្ងួត សំរាមបង្កហានិភ័យ សំរាមមានវិទ្យុសកម្ម និងសំរាមផ្សេងៗទៀត ដូច្នេះ មន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងមន្ត្រីបរិស្ថាន ត្រូវខិតខំពន្យល់ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ផ្នែកសុខភាព ប៉ះពាល់អនាម័យបរិស្ថាន ហើយប្រសិនបើអ្នកបង្កើតសំរាមចេះទុកដាក់សំរាមបានត្រឹមត្រូវ វាមិនប៉ះពាល់ដល់ការរស់នៅ ធ្វើឱ្យបរិយាកាសល្អ សុខភាពល្អ និងធ្វើឲ្យយើងទាំងអស់គ្នាមានអាយុវែង។
ក្នុងពិធីនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានអបអរសារទចំពោះឃុំ-សង្កាត់ ជាប់ជ័យលាភី «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥ និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព គណៈអភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ ព្រមទាំងក្រុមហ៊ុនប្រមូលសំរាម និងគ្រប់អង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាពិសេស ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ «មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ»។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្តបានផ្ដាំផ្ញើដល់ មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមេឃុំ-ចៅសង្កាត់ មេភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តគាំទ្រ ដល់ឃុំ-សង្កាត់ជ័យលាភីទាំងអស់ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» វិស័យបរិស្ថាន ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ។ បន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត បៃតង និងចីរភាព)។ បន្តដឹកនាំអនុវត្តយុទ្ធនាការ «សហគមន៍ស្អាត និងបៃតង» តាមរយៈការដាំដើមឈើ ដាំផ្កានៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕





ប្រភព ក្រសួងព័ត៍មាន