ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មនៅកម្ពុជា ដែលពាក់ព័ន្ធផលិតផលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

    BY SOMATEY February 6, 2026
    សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មនៅកម្ពុជា ដែលពាក់ព័ន្ធផលិតផលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

    នាព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)បានអនុញ្ញាតជូនលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។

    ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។

    លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ (១)មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex), (២) ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា, និង (៣) ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance Taxonomy) ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន (Environmental Friendly Project)។

    បន្ថែមពីលើនេះ IFC កំពុងបន្តការងារផ្ដល់ប្រឹក្សាយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ ការគាំទ្រដល់ការដាំដុះស្រូវប្រកបដោយនិរន្តរភាព កាលើកកម្ពស់តម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ព្រមទាំងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជា តាមរយៈការលើកកម្ពស់ស្ដង់ដារពលកម្ម និងការផ្ដល់ហិរញ្ញប្បទានដល់អ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ IFC ក៏កំពុងស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសំបកកង់ ដែលភាគច្រើននៃផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

    ជាចំណុចគន្លឹះនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតជាពិសេសលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹង ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់សួនឧស្សាហកម្មបៃតង ដែលបានដាក់ជូន ក.អ.ក. ពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយនឹងសំណើគាំទ្រដល់ការរៀបចំក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចពិសេសបៃតង និងការអនុវត្តសាកល្បងនូវក្របខ័ណ្ឌនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបានជ្រើសរើសមួយចំនួន។

    ជំនួបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិ ក្នុងការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីវិនិយោគដែលមានភាពធន់ ចីរភាព និងមានលក្ខណៈវិទ្យាសាស្ត្រទំនើប៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: