ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យវិនិយោគិនអារ៉ាប់ មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមអ្នកវិនិយោគរបស់អារ៉ាប់ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយ លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីកាលានុវត្តន៍ភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។
លោកក៏បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030៕





ប្រភព វិទ្យុជាតិកម្ពុជា