ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឌិត ទីណា ជំរុញឱ្យប្រេស៊ីលជួយលើកកម្ពស់វិស័យកសិកម្មដែលមានគុណភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមជូនកសិករកម្ពុជា

    BY SOMATEY February 12, 2026
    ឯកឧត្តម ឌិត ទីណា ជំរុញឱ្យប្រេស៊ីលជួយលើកកម្ពស់វិស័យកសិកម្មដែលមានគុណភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមជូនកសិករកម្ពុជា

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៦​ នេះបានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យប្រេស៊ីលជួយលើកកម្ពស់វិស័យកសិកម្មដែលមានគុណភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមជូនកសិករកម្ពុជា ដើម្បីជួយលើកស្ទួយជីវភាពកសិករ និងសេដ្ឋកិច្ច។

    ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេសុីល ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តភាគីប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជួយកសិករកាត់បន្ថយថ្លៃដើមផលិតកម្ម និងមាននិរន្តរភាពសេដ្ឋកិច្ច។

    នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។

    ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយចន្ទី ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេចខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។

    តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅជំរុញនិងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: