ឯកឧត្តម កែវ រតនៈ ៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពីការបំផ្លាញរបស់ថៃ គិតជាទឹកប្រាក់ជាង៥លានដុល្លារ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា ក្នុងអំឡុងពេលយោធាថៃបង្កសង្គ្រាមឈ្លានកម្ពុជាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សុន្ទរកថា ក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពីសង្គ្រាមឈ្លានពានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គិតជាទំហំទឹកប្រាក់ជាង៥លានដុល្លារ ។
ឯកឧត្តមបន្តថា ក្នុងទំហំទឹកប្រាក់ជាង៥លានដុល្លារនេះ ខាងវិស័យឯកជនមានជាង៤លានដុល្លារ និងអគ្គិសនីកម្ពុជា១លានដុល្លារ ប៉ុន្តែការ ខូចខាតទាំងអស់នេះ ត្រូវបានរដ្ឋជាអ្នកធានារ៉ាប់រងសងជំនួស ។
ឯកឧត្តម កែវ រតនៈ គូសបញ្ជាក់ថា “មិនក្រោម៥លានដុល្លារជាងទេ ទាំងសេវាករឯកជនជាង៤លាន និងអគ្គិសនីកម្ពុជា ហើយទាំងអស់នេះ រដ្ឋជួយចេញទាំងអស់”។
សម្រាប់ជនភៀសសឹកដែលកំពុងស្នាក់ជំរំសុវត្ថិភាពនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែលមានតម្រូវការប្រើប្រាស់អគ្គិសនី ជាប់ជា ប្រចាំមិនថា ពេលថ្ងៃឬយប់នោះ រដ្ឋមន្រ្តីក្រសួងរ៉ែ អះអាងថា ពួកគាត់ប្រើប្រាស់មិនអស់សេវានោះទេ ពោលខាងអគ្គិសនីជាអ្នកធានារ៉ាប់រង ទាំងអស់ ។
បើតាមឯកឧត្តម កែវ រតនៈ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ពាន់មេហ្កាវ៉ាត់, ថាមពលស្អាតមានជាង ៦៣.២៣% ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ៕

ប្រភព ក្រសួងព័ត៍មាន