ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត

    BY SOMATEY February 21, 2026
    ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត

    នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

    ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យសំខាន់ៗជាច្រើន។

    ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីសូមគោរពអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្រប ក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ។

    ក្រៅពីទំនាក់ទំនងទ្វេភាគី, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានបំណងស្វែងយល់បន្ថែម ទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែង នាពេលអនាគត។

    ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។

    ក្នុងឱកាសនេះ, សម្ដេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ អំពីឬសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានភាពលើដីជាក់ស្ដែង និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

    មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបន្តពិភាក្សាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលផ្ដោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងខណ្ឌតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: