ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនឈានមុខរបស់ចិន នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងរ៉ូបូត

    BY SOMATEY February 26, 2026
    ក្រុមហ៊ុនឈានមុខរបស់ចិន នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងរ៉ូបូត

    ភ្នំពេញ៖ ក្រុមហ៊ុនឈានមុខរបស់ចិន នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងរ៉ូបូត ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សដែលអាចឆ្លើយតបតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល។

    ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នៅទីស្តីការក្រសួង ជាមួយលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

    អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។

    កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល , ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា និងការងារ, ការស្រាវជ្រាវ និងការប្រកួតប្រជែង, ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។

    នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ដែលជាយន្តការថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកផលិតប្រកបដោយភាពឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូត ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាទំនើបសម្រាប់យុវជនកកម្ពុជា។

    ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huibo Robotics ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោម “ក្រុមហ៊ុនមនុស្សយន្តកំពូលទាំង១០របស់ប្រទេសចិន” នេះ ឯកឧត្ដមរដ្ឋមន្រ្តីមានការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល

    Share This Post: