ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ

    BY SOMATEY March 11, 2026
    ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែងតាមរយៈ«វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់ខេត្ដកំពង់ចាមសម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

    លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖«អតីតពលករខ្មែរ និងអ្នកស្វែងរកការងារ អាចចូល​រួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និងទទួលបានព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។

    បើតាមអ្នកនាំពាក្យថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជា​មួយគណៈ​កម្មា​ធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំវេទិកាការងារ និង​យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសហការនេះក៏ទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូ​អាជីវ​កម្ម​ជា​ច្រើនផ្សេងទៀត។

    ក្នុងកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសដាក់ CV ភ្លាម និងទទួលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនភ្លាមៗ និងអត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ បងប្អូនចាប់អារម្មណ៍អាចទាក់ទង NEA តាមលេខ ០១៧ ៤៦៧ ៤២៣ ឬ ០៨៨ ៩០៩ ៩៦៩៩ និងតាមគេហទំព័រ www.nea.gov.kh សម្រាប់ព័ត៌មានលម្អិត៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: