អាជ្ញាធរខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាកសិករយកចិត្តទុកដាក់លើការដាំបន្លែគ្មានជាតិគីមី
យោងតាម ក្រសួងព័ត៍មាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់បងប្អូនប្រជាពលរដ្ឋជាសម្បទានិកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា កសិករទាំងអស់ត្រូវតែយកចិត្តទុកដាក់ ទៅលើការដាំដំណាំបន្លែដែលមានសុវត្ថិភាព ពោលគឺ បន្ថែដែលគ្មានជាតិគីមី ដើម្បីលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ បន្លែដែលគ្មានជាតិគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផលដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អតាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខមាភាព អ្នកបរិភោគ។ ម្យ៉ាងវិញទៀតយើងរៀបចំទីផ្សារឱ្យមានបន្លែសុវត្ថិភាព និងផលិតផល សុវត្ថិភាព គឺដើម្បីផ្តល់ឱកាសឱ្យមានការជួបជុំគ្នារវាងផលិតករ កសិករ ដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងការផ្លាស់ប្តូរបទពិសោធន៍ មតិយោបល់នានា ក្នុងគោលដៅរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតមានឡើងកន្លងមក សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹង កត្តាប្រឈមនានា។
ទន្ទឹមនឹងនេះឯកឧត្តមបានបន្តទៀតថា បងប្អូនប្រជាកសិករ យកចិត្តទុកដាក់លើ ការដាំបន្លែគ្មានជាតិគីមី ហើយឥឡូវនេះមន្ទីរកសិកម្មខេត្តកំពង់រៀបចំបង្កើតទីផ្សារបន្លែសុវត្ថិភាព ឱ្យប្រជាកសិករលក់ដូរ នឹងដាក់តាំង នូវផលិតផលកសិកម្ម បន្លែរួមផ្សំគ្រប់ប្រភេទ ដែលគ្មានជាតិគីមី ធ្វើឱ្យបងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពនៅតាមសហគមន៍ ឱ្យមានជីវភាពធូរធារច្រើនជាងមុន។ បណ្តាលមុខជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ជាពិសេសត្រូវរៀបចំសហគមន៍អភិវឌ្ឍន៍កសិកម្ម ជាទ្រង់ ទ្រាយធំ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាល និងត្រូវបង្កើនគុណតម្លៃ និងនិរន្តរភាព បរិមាណផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែង ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសកាត់បន្ថយ ការនាំចូលផលិត ផលពីប្រទេសជិតខាង។
ថ្លែងក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា សុខភាពគឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូបដែលត្រូវតែ ធ្វើការយកចិត្តទុកដាក់បំផុត ជាពិសេសការបរិភោគបន្លែ គឺគេហូបឆៅ ហើយត្រូវនៅស្រស់ៗ ខុសពីដំណាំស្រូវ អង្ករ ពោត សណ្ដែក ស្វាយចន្ទី ដែលអាចទុកបានរយៈពេលយូរជាងដំណាំបន្លែ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសមន្ត្រីរាជការ អាជីវករ ចូលរួមគាំទ្រ និងទិញយកទៅទទួលទាន ផលិតផលបន្លែសុវត្ថិភាព ដើម្បីសុខភាពយើងទាំងអស់គ្នា៕



ប្រភព ក្រសួងព័ត៍មាន