ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួល ជំនួយជាឱសថ ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ

    BY SOMATEY March 14, 2026
    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួល ជំនួយជាឱសថ ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ

    នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំ ពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ របស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្ត។

    នៅក្នុងជំនួបនោះផងដែរ យោងតាមប្រសាសន៍របស់លោកអគ្គនាយក NOH បានបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុនរបស់លោក និងក្រុមការងារ បានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជានៅពេលខាងមុខ។

    ឯកឧត្តមឯកអគ្គរាជទូត​ បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះក្រុមហ៊ុន​ និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែងយ៉ាងសកម្ម​ ក្នុងការស្វែងរកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត​ បានលើកទឹកចិត្តដល់ លោកអគ្គនាយក សូមសិក្សាលទ្ធភាព និងស្វែងរកនូវឱកាសសមរម្យ ដែលក្រុមហ៊ុនរបស់លោក អាចធ្វើការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ ក៏ដូចជាសហគ្រាសផលិតឱសថ។ ឯកឧត្តម ក៏បានអញ្ជើញ​ លោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែម អំពីសក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ។ ស្ថានទូត ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូរក្នុងស្រុកដែលមានសក្តានុពល នៅក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។

    លោកអគ្គនាយកក្រុមហ៊ុន មានសេចក្តីរីករាយ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់ កម្ពុជា និងបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហើយលោកអគ្គនាយកក៏សូមគោរពអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោក ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើននូវភាពស្និតស្នាល និងពង្រីកកិច្ចសហការឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។

    ប្រភព ៖ ក្រសួងព័ត៌មាន

    Share This Post: