ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីមិនរាងចាលជួលរថយន្តជនរងគ្រោះ រួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២

    BY Nisaiy KN March 15, 2026
    ករណីមិនរាងចាលជួលរថយន្តជនរងគ្រោះ រួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ករណីជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២។

    កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។ ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

    វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។

    ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយ។

    ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប រីឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្ត៕

    ប្រភព៖ Siem Reap Gendarmeries Royale Page

    Share This Post: