លោក ទៀ ស្យាម ពន្យល់ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ
នាថ្ងៃទូ ១៦ ខែមីនា ឆ្នាំ ២០២៦ លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីស ភេត្រូលៀម បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោក ប្រាប់ពីមូលហេតុដែល ប្រេងនៅកម្ពុជា និងប្រេងនៅថៃ មានតម្លៃមិនដូចគ្នា។

ក្នុងនោះ លោកបានសរសេរថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន៖
• ប្រេងសាំង 92
• ប្រេងសាំង 95
• ប្រេងម៉ាស៊ូត (Diesel)
ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេង ដូចជា៖
• Gasohol 91
• Gasohol 95
• E20
• E85
• Diesel B7 / B20
ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។ ដូច្នេះហើយ ពេលខ្លះបងប្អូនជាច្រើនឃើញថា ប្រេងនៅថៃមើលទៅថោកជាង។
ហេតុអ្វីបានជាប្រេងនៅថៃថោកជាង?
ព្រោះប្រេងប្រភេទ Gasohol ឬ Diesel B7 / B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា
• Ethanol (សម្រាប់ Gasohol)
• Biodiesel (សម្រាប់ Diesel)
Ethanol អាចផលិតពីដំណាំដូចជា អំពៅ ឬ ដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
តើវាមានភាពខុសគ្នាយ៉ាងដូចម្តេច?
មូលដ្ឋានប្រេងនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល
• អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច
• រថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង
ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។
ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ?
ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា
• រោងចក្រចម្រាញ់ប្រេង
• ការផលិត Ethanol ក្នុងប្រទេស
• ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ
សរុប
តាមពិត តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។
ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។

ប្រភព លោក ទៀ ស្យាម