ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ជប៉ុន គ្រោងបើកដំណើរការយន្តហោះពិសេស ពីសៀមរាប/ភ្នំពេញ-ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ

    BY SOMATEY March 19, 2026
    កម្ពុជា-ជប៉ុន គ្រោងបើកដំណើរការយន្តហោះពិសេស ពីសៀមរាប/ភ្នំពេញ-ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ

    លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក TANIMURA Shoki ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និង លោកស្រី សត វិជ្ជរី ប្រធានក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុន។

    ក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅបោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញឱ្យមានការបើកដំណើរការយន្តហោះពិសេស (Charter flight) រវាងសៀមរាប/ភ្នំពេញ-ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ, ការបន្តផ្តល់ជំនួយជាអគារសិក្សានិងសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅខេត្តសៀមរាប និងសាលាបណ្ដុះបណ្តាលភាសាជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា, និងគម្រោងបើកភោជនីយដ្ឋានខ្មែរ នៅខេត្តអូគីណាវ៉ា ដើម្បីលើកកម្ពស់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរបន្ថែមទៀតនៅក្នុងទីផ្សារជប៉ុន។

    ក្នុងឱកាសនោះ ក្រុមហ៊ុនបានជម្រាបជូនថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ ក្រុមហ៊ុនទាំងពីរ បានសហការគ្នានាំយកផលិតផលខ្មែរ ជាពិសេសម្រេចកំពត ជ្រក់ម្រេច និងអំបិលកំពត មកផ្សព្វផ្សាយលក់ និងបានផ្គត់ផ្គង់ទៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ នៅខេត្តអូគីណាវ៉ា រួមមានសណ្ឋាគារ Hyatt, Sheraton និង Hotel JAL City ជាដើម។

    នារសៀលថ្ងៃដដែល លោកអនុព័ន្ធពាណិជ្ជកម្ម បានចូលរួមពិព័រណ៍ FOODEX Japan ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Tokyo Big Sight ទីក្រុងតូក្យូ ដើម្បីគាំទ្រដល់ការចូលរួមផ្សព្វផ្សាយផលិតផលខ្មែររបស់ក្រុមហ៊ុនទាំងពីរ រួមមាន ម្រេចកំពត ជ្រក់ម្រេច អំបិលកំពត គ្រាប់ស្វាយចន្ទី និងផលិតផលសិប្បកម្ម ក៏ដូចជាដើម្បីបង្កើតបណ្ដាញធុរកិច្ច និងអ្នកវិនិយោគបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញ-នាំចូលផលិតផលម្ហូបអាហារ និងភេសជ្ជៈ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: