ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងស្ដារប្រឡាយទឹកបុរាណ២ខ្សែ នៅខេត្តសៀមរាប បានបញ្ចប់ជាមួយនឹងការផ្តល់ពហុអត្ថប្រយោជន៍

    BY SOMATEY March 24, 2026
    គម្រោងស្ដារប្រឡាយទឹកបុរាណ២ខ្សែ នៅខេត្តសៀមរាប បានបញ្ចប់ជាមួយនឹងការផ្តល់ពហុអត្ថប្រយោជន៍

    រយៈពេល២ឆ្នាំមកនេះគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការ​ជាមួយ​ប្រទេសនូវែលសេឡង់(New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤.៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក។

    អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦ នេះថាប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់​ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្ស​ប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពី​តំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទី​ជួយរក្សាទឹក​ទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាម​ខ្នង​ទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។

    ប្រភពដដែលបន្តថាបច្ចុប្បន្នមានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់​ពីគម្រោងស្ដារប្រឡាយបុរាណ​២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផល​ដោយ​ប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម។

    ដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្រ្តឃុំដូនកែវ ស្រុកពួកនេះឱ្យកាន់តែមាន​​ប្រសិទ្ធភាព គម្រោងAWR ក៏បានធ្វើការសាងសង់សំណង់​ធារាសាស្ត្រមួយចំនួន​នៅតាមបណ្តោយ​ប្រឡាយទាំ​ងនេះថែមទៀត ដូចជាសំណង់ទ្វារទឹកថ្មី​ចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១០០០ម៉ែត្រ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: