ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា ៖ ការកែសម្រួលអាត្រាពន្ធនាំចូល-នាំចេញលើទំនិញមួយចំនួន នឹងចូលជាធរមាននៅថ្ងៃទី១ ខែមេសា

    BY soknita March 30, 2026
    ឯកឧត្តម ប៉ែន បូណា ៖ ការកែសម្រួលអាត្រាពន្ធនាំចូល-នាំចេញលើទំនិញមួយចំនួន នឹងចូលជាធរមាននៅថ្ងៃទី១ ខែមេសា

    (រាធានីភ្នំពេញ) ៖ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ការកែសម្រួលអាត្រាពន្ធនាំចូលនិងនាំចេញ លើមុខទំនិញមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខ។

    ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ក្នុងគ្រាដ៏លំបាកបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់លើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀតសំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល និងអត្រាអាករលើមុខទំនិញនាំចេញមួយចំនួនដូចជា ៖ បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡាចំនួន៩ បន្ទាត់ពន្ធ។ បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី , ប្រព័ន្ធថាមពលសូឡា, អាគុយលីចូម (មានដូចជា អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ, អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station និងថ្មទូរស័ព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ។

    ឯកឧត្តមបន្តថា សម្រាប់មុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ ក៏បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% ។ បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញចង្ក្រានអគ្គិសនី ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ។ ជាមួយគ្នានោះ បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន១ បន្ទាត់ពន្ធ។

    “អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ។ សូមបញ្ជាក់ជូនថា វិធានការថ្មីបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនរួចហើយរយៈពេលចុងក្រោយនេះសំដៅជួយទប់តម្លៃប្រេងឥន្ធនៈនិងជួយសម្រួលជីវភាពប្រជាពលរដ្ឋ”។

    បើតាមឯកឧត្តមអ្នកនាំពាក្យ រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕

    ប្រភព៖​ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: