ឆ្នាំ២០២៦ ជាពេលវេលាដែលកម្ពុជាអាចនឹងសម្រេចបានតាមផែនការនាំចេញអង្ករឲ្យបាន ១លានតោន
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦នេះធៀបនឹង៣ខែដើមឆ្នាំ២០២៥មានកំណើនរហូតទៅដល់ ៧១,៣២ភាគរយ។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦កន្លងនេះ កម្ពុជានាំចេញអង្ករបានចំនួន៣៦១ ៥៧៨ តោន ខណៈរយៈពេល ៣ខែកាលពីដើមឆ្នាំ២០២៥កម្ពុជានាំចេញអង្ករបានចំនួនតែ ២១១ ០៥៨ តោនប៉ុណ្ណោះ។

កាលពី៣ខែដើម២០២៥ កម្ពុជាមានតែចំនួន ៥៥គោលដៅសម្រាប់ការនាំចេញអង្ករ ប៉ុន្តែនៅក្នុងអំឡុងពេល៣ខែដើម២០២៦ នេះកម្ពុជាមានរហូតចំនួន ៥៦គោលដៅសម្រាប់ការនាំចេញអង្ករ ហើយក្រុមហ៊ុននាំចេញអង្ករបានកើនពី៤៧ដល់៥៨ក្រុមហ៊ុន។
ចំពោះប្រភេទអង្ករ ដែលបាននាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មាន អង្ករក្រអូបចំនួន ៦០.១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង ១៦.១៦ភាគរយ អង្ករចំហុយ ១.៥៥ភាគរយ អង្ករសរីរាង្គចំនួន ០.៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ ២១.០៩ភាគរយនិងអង្ករផ្សេងៗចំនួន ០.២ភាគរយ។
សូមរម្លឹកថា រយៈពេល ១២ ខែ នៃ ឆ្នាំ ២០២៥ កន្លងនេះ កម្ពុជាសម្រេចបានការនាំចេញ អង្ករចំនួន ៩៤០ ៣២១ តោន ហើយបើកម្ពុជារក្សាបានកំណើនបរិមាណនាំចេញ ដូចក្នុងអំឡុង៣ខែដើមឆ្នាំ២០២៦នេះ នោះកម្ពុជានឹងអាចនាំចេញអង្ករលើសពី១លានតោនរហូតដល់បំណាច់ឆ្នាំនេះដែលជាផែនការរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ជោគជ័យនៃការនាំចេញអង្កររបស់កម្ពុជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ចជាតិ និងកសិករ ដូចជាទទួលបានចំណូល រូបិយប័ណ្ណបរទេស ដែលរួមចំណែកដល់តុល្យភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។
ម្យ៉ាងទៀតជោគជ័យនៃការនាំចេញអង្កររបស់កម្ពុជា បានជួយរក្សាស្ថិរភាពតម្លៃស្រូវរបស់កសិករ ធ្វើឲ្យកសិករទទួលបានចំណូលកាន់តែខ្ពស់ពីការដាំដុះស្រូវដែលមានតម្រូវការទីផ្សារខ្ពស់ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋជាច្រើននៅតាមរោងចក្រ និងសហគ្រាសកែច្នៃស្រូវអង្ករ៕

ប្រភព៖ ក្រសួងព័ត៌មាន