សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៧២.៦ គម បែងចែកជា ២កំណាត់ កំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ និងកំណាត់ទី២ មានប្រវែង ១៥១.៦ គីឡូម៉ែត្រ។
តម្រាយផ្លូវព្រែកជីកនេះ ត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់ តាំងពីអាណាចក្រហ្វូណនមកម៉្លេះ៕







