មនុស្ស ២៦នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅប្រទេសចិន
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៦នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់រងរបួសនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែឧសភា។ រោងចក្រផលិតកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូង នៃប្រទេសចិន។

ភ្លាមៗក្រោយកើតមានហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់ឱ្យអាជ្ញាធរខេត្ត Hunan ត្រូវបើកការស៊ើបអង្កេតជាបន្ទាន់ ហើយត្រូវស្វែករកឱ្យឃើញមូលហេតុជាក់លាក់នៃការកើតមានអគ្គិភ័យ ដើម្បីងាយទប់ស្កាត់កុំឱ្យកើតមាននៅពេលក្រោយទៀត។ បើតាមអាជ្ញាធរខេត្ត Hunan បានបញ្ជាក់ថា អគ្គិភ័យបានបង្កើតឱ្យមានផ្សែងយ៉ាងច្រើន និងបណ្តាលឱ្យមានអគារមួយខ្នងត្រូវដួលរលំ ហើយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ ដើម្បីធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia