សក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់វិស័យទេសចរណ៍កម្ពុជា ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំតុមូលវិនិយោគិនកម្រិតខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងមតិបើកក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី «ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់បរិយាកាសវិនិយោគ និងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយមានការចូលរួមពីសំណាក់លោកស្រី YASMIN SIDDIQI នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីតំណាងស្ថាប័នរដ្ឋ និងឯកជន សមាគម សភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ អ្នកវិនិយោគិន អ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូប នាទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ និងដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរទស្សនៈ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ កម្ពុជា ក៏កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។
ទន្ទឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដែលជាការជំរុញការធ្វើដំណើរទេសចរណ៍ក្នុងរដូវវស្សា និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ស្របតាមពាក្យស្លោក ៦ចំណុច រួមមាន៖ ត្រូវមើល ត្រូវស្នាក់នៅ ត្រូវភ្លក់រសជាតិ ត្រូវទស្សនា ត្រូវសាកល្បង និងត្រូវទិញ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗជូនភ្ញៀវទេសចរ និងបន្តលើកកម្ពស់ភាពទាក់ទាញរបស់គោលដៅទេសចរណ៍កម្ពុជាដែលអាចទស្សនាបានគ្រប់រដូវកាល។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០។





ប្រភព ក្រសួងព័ត៍មាន