ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

    BY soknita May 26, 2026
    កម្ពុជា ចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា ដើម្បីលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។

    ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយក្នុងជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។

    នាឱកាសនោះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆិន ស៊ាងរ៉ូ និងគណៈប្រតិភូ ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTVTC ដោយឯកឧត្តមគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ បន្ថែមពីនេះ ជំនួបនាថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

    ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគំាទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះគឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយឯកឧត្តមបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើនាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។

    ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំល្អៗដែលជាគ្រឹះដ៏រឹងមាំនៃភាពជាដៃគូនេះ ហើយសមិទ្ធផលនាថ្ងៃនេះ គឺជាអ្វីដែលវិទ្យាស្ថាន GTVTC បានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា ជាពិសេសផ្នែក NEV។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV Mapping Technology) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay