គណៈកម្មការអឺរ៉ុបពិន័យ ក្រុមហ៊ុន Temu ជាង ២៣០លានដុល្លារ ជុំវិញករណីលក់ផលិតផលគ្មានសុវត្ថិភាព
បែលហ្ស៊ិក៖ ក្រុមហ៊ុនលក់ទំនិញខ្នាតយក្សរបស់ចិន Temu ត្រូវបានសហភាពអឺរ៉ុបពិន័យជាប្រាក់ចំនួន ២០០លានអឺរ៉ូ (ជាង ២៣០លានដុល្លារ) ជុំវិញករណីដាក់លក់ផលិតផលគ្មានសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែឧសភា។ ផលិតផលគ្មានសុវត្ថិភាពចម្បងៗដែលត្រូវបានដាក់លក់នៅលើវេទិកា Temu នោះមានដូចជា ប្រដាប់ក្មេងលេង និងឆ្នាំងសាក។

បើតាមគណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ប្រដាប់ក្មេងលេងដែលត្រូវបានដាក់លក់នៅលើ Temu ត្រូវបានក្រុមអ្នកជំនាញរកឃើញមានផ្ទុកសារធាតុគីមីកម្រិតខ្ពស់ ដែលអាចបង្កជាហានិភ័យយ៉ាងខ្ពស់សម្រាប់សុខភាពទូទៅ និងជាពិសេសនោះគឺបង្កឱ្យមានបញ្ហាថប់ដង្ហើម។ ដោយឡែកចំពោះផលិតផលឆ្នាំងសាកវិញ គឺត្រូវបានដាក់លក់ដោយមិនបានត្រួតពិនិត្យឬធ្វើតេស្តសុវត្ថិភាពជាមូលដ្ឋាននោះទេ។ សូមបញ្ជាក់ជូនថា ការពិន័យខាងលើនេះត្រូវបានធ្វើឡើងក្រោមច្បាប់សេវាកម្មឌីជីថលអឺរ៉ុប ដែលការអនុវត្តច្បាប់នេះគឺតម្រូវឱ្យមានការស្ទង់មតិស្តីពីហានិភ័យនៃផលិតផលលើវេទិកាអនឡាញក្នុងចំណោមអ្នកប្រើប្រាស់ទៅទូទាំងអឺរ៉ុបចំនួន ៤៥លាននាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time