មនុស្ស ៥នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រណ្តៅអណ្តូងរ៉ែមួយកន្លែងនៅប្រទេសចិន
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រណ្តៅអណ្តូងរ៉ែមួយកន្លែងក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការដ្ឋានអណ្តូងរ៉ែមួយកន្លែងខាងលើនេះ មានទីតាំងស្ថិតនៅក្នុងខេត្ត Yunnan ភាគខាងត្បូង នៃប្រទេសចិន និងជាការដ្ឋានអណ្តូងរ៉ែដំណើរដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះនៅក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិនក៏មានហេតុការណ៍បាក់អណ្តូងរ៉ែមួយករណីដែរ ដោយករណីនោះបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតរហូតដល់ ៨២នាក់ និងរបួសចំនួន ១២៨នាក់ ហើយវាក៏ត្រូវបានចាត់ទុកជាគ្រោះថ្នាក់នៅការដ្ឋានអណ្តូងរ៉ែ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចិនផងដែរ បើគិតចាប់តាំងពីឆ្នាំ២០០៩មក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time